
គន្លឹះនិយាយជាសាធារណៈប្រកបដោយភាពជោគជ័យ

គន្លឹះធំៗ៣ ដើម្បីនិយាយជាសាធារណៈ (Public Speaking) ប្រកបដោយភាពជោគជ័យ៖
១. ចំណេះដឹង (Be knowledgeable)៖ ចំណេះដឹងជាគ្រឹះសម្រាប់ការប្រកបការងារគ្រប់ប្រភេទ។ អ្នកត្រូវមានចំណេះដឹងលើផ្នែកណាមួយឱ្យច្បាស់ និងចំណេះដឹងទូទៅឱ្យបានទូលំទូលាយ។ ដើម្បីទទួលបានចំណេះដឹងទាំងនោះ ក្រៅពីសាលា អ្នកអាចរៀនបានតាមរយៈការអានសៀវភៅ ការតាមដានព័ត៌មាន ឬបញ្ហាសង្គមជាដើម។ ដូច្នេះនៅពេលនិយាយ អ្នកនឹងនិយាយដោយជឿជាក់ និងមិនខ្លាចថាអ្នកនិយាយខុសលើផ្នែកណាមួយទេ។
២. ការរៀបចំ (Be well prepared)៖ មិនថាអ្នកពូកែយ៉ាងណាទេ ប្រសិនបើមិនបានរៀបចំឬព្រៀងទុកជាមុននូវអ្វីដែលអ្នកត្រូវនិយាយ នោះអ្នកនឹងមិនអាចនិយាយវាចេញមកជាប្រព័ន្ធដែលមានឃ្លាឃ្លោង និងអត្ថន័យប្រដេញគ្នា ដែលធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់បានឡើយ។ ដូច្នេះ កុំភ្លេចឱ្យសោះ ត្រៀមខ្លួនជានិច្ចមុនពេលឡើងនិយាយជាសាធារណៈ។
៣. ទំនុកចិត្តលើខ្លួនឯង (Be confident)៖ ស្ពាយទំនុកចិត្តជាប់ខ្លួនជានិច្ចរាល់គ្រប់ភារកិច្ច។ នៅពេលអ្នកមានចំណេះដឹងទូលំទូលាយ មានការរៀបចំទុកជាមុន អ្នកនឹងមានជំនឿជាក់លើខ្លួនឯងមួយកម្រិត តែអ្នកត្រូវបន្ថែមជំនឿជាក់លើខ្លួនឯងមួយផ្នែកទៀត គឺការជឿជាក់ថាខ្លួនឯងអាចធ្វើបានល្អ។ នៅពេលដែលជំនឿជាក់ទាំងពីរនេះនៅជាមួយគ្នា អ្នកនឹងនិយាយជាសាធារណៈប្រកបដោយភាពជោគជ័យនិងទាក់ទាញ។
