គន្លឹះជីវិតជំរុញចិត្តទូទៅ

នារីរឹងមាំ

តើនារីរឹងមាំត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
១. មានចំណេះដឹងសមរម្យ
ចំណេះដឹងជាកត្តាសំខាន់បំផុតក្នុងការចូលរួមអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះដែរ ចំណេះដឹងបានចូលរួមយ៉ាងសកម្មក្នុងការតម្រង់ទិសអ្នកឱ្យដើរក្នុងផ្លូវត្រូវ ចេះត្រិះរិះ ពិចារណា ថ្លឹងថ្លែងរកហេតុផល ពិសេសទៅទៀត គឺជួយឱ្យអ្នកចេះគ្រប់គ្រងចិត្តនិងអារម្មណ៍របស់ខ្លួនបានល្អ។
២. មានការងារច្បាស់លាស់
កត្តាសេដ្ឋកិច្ចជារឿងចាំបាច់សម្រាប់មនុស្សម្នាក់ៗ។ ដើម្បីក្លាយជានារីរឹងមាំមួយរូប អ្នកត្រូវមានស្ថិរភាពហិរញ្ញវត្ថុ ពោលគឺ រស់នៅដោយមិនពឹងពាក់ (ផ្នែកហិរញ្ញវត្ថុ) លើនរណាម្នាក់ សូម្បីតែគ្រួសារឬឪពុកម្ដាយ។ ប្រសិនបើអាច អ្នកគួរតែមានទ្រព្យបម្រុងសម្រាប់ហានិភ័យនៅថ្ងៃមុខ មិនថាជាប្រាក់សុទ្ធនៅក្នុងធនាគារ ឬការវិនិយោគនៅក្នុងវិស័យជំនួញ ឬអចលនទ្រព្យជាដើម។
៣. ជឿជាក់ និង ឯករាជ្យ
ជំនឿជាក់លើខ្លួនឯងជារឿងសំខាន់។ អ្នកមិនអាចធ្វើការងារមួយបានល្អទេ ប្រសិនបើអ្នករវល់តែភ័យ និងមិនជឿជាក់លើសមត្ថភាពខ្លួនឯង។ តើអ្នកធ្លាប់មានបទពិសោធធ្វើបទបង្ហាញនៅចំពោះមុខមនុស្សច្រើននាក់ទេ? អ្នកប្រហែលជាចាំហើយថា ពេលដែលអ្នកឡើងនិយាយទាំងគ្មានទំនុកចិត្ត និងមានទំនុកចិត្ត ​លទ្ធផលចេញមកខុសគ្នាដូចម្ដេច។​ ម្យ៉ាងទៀត អ្នកក៏គួរតែជាមនុស្សឯករាជ្យ មានភាពជាខ្លួនឯង និងចេះធ្វើអ្វីៗដោយខ្លួនឯងផងដែរ។ ព្រោះថាបើអ្នកគ្មានភាពម្ចាស់ការលើខ្លួនឯងទេ ពេលដែលអ្នកជួបបញ្ហា អ្នកនឹងតែងតែត្រូវការជំនួញពីអ្នកដទៃ និងមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានឡើយ។ ដើម្បីមានភាពឯករាជ្យ អ្នកគួរតែមានបទពិសោធរស់នៅម្នាក់ឯង។ ឯករាជ្យភាពគឺបង្ហាញពីភាពរឹងមាំរបស់អ្នក។ អ្នកកាន់តែឯករាជ្យ កាន់តែរឹងមាំ។
៤. មានបទពិសោធបែកបាក់ស្នេហា (ប្រសិនបើអាច)
បែកបាក់ស្នេហាមិនមែនជារឿងអាក្រក់ទេ។ ផ្ទុយទៅវិញ វាបានជួយឱ្យអ្នកកាន់តែរឿងមាំ ក្លាហាន​ និងហ៊ានប្រឈមមុខនឹងការពិត។ សម្រាប់អ្នកដែលមិនសូវជួបបញ្ហាជីវិត ការបែកបាក់ស្នេហាអាចចាត់ទុកបានថាជាការឈឺចាប់ដ៏ធំបំផុតមួយក្នុងជីវិត។ បទពិសោធមានស្នេហាបែកបាក់នឹងបង្រៀនអ្នកឱ្យស្គាល់ពីមនុស្សប្រុសដែលជាភេទផ្ទុយគ្នាកាន់តែច្បាស់ ​ស្គាល់ពីអារម្មព្រួយបារម្ភ ភ័យខ្លាច ទុក្ខសោក ឈឺចាប់ គ្រាំគ្រា ខ្ទេចខ្ទាំ-ល- និងចេះធ្វើចិត្តទទួលយកការពិតដ៏គ្រោតគ្រាតក្នុងជីវិត។ កត្តាទាំងនេះ នឹងធ្វើឱ្យអ្នកមិនតក់ស្លុតនៅពេលជួបឧបសគ្គនៅថ្ងៃមុខ (មិនថារឿងស្នេហា ឬបញ្ហាជីវិតផ្សេងៗ) ចេះបត់បែន និងមានវិធីសាស្រ្តដោះស្រាយ។
Share this article

Leave a Response