

នៅក្នុងជីវិត ប្រាកដជាមានពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង វិលវល់ វង្វេង មិនដឹងថាត្រូវដើរទៅតាមផ្លូវណា អ្នកហាក់កំពុងតែវង្វេងនៅក្នុងព្រៃរកច្រកចេញមិនឃើញ ហើយអ្នកក៏បាត់បងអស់ក្ដីសង្ឃឹម។
ពេលនោះអ្នកនឹងមានអារម្មណ៍ថាអ្នកហាក់ដូចជាកំពុងនៅតែម្នាក់ឯង អ្នកគ្មានអ្នកណាពឹងពាក់ ឬយកអាស្រ័យបានទេ។
តែការពិតមិនមែនទេ។ អ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នក ដូចជា គ្រួសារ សាច់ញាត្តិ មិត្តភក្ដិ ។ល។ សុទ្ធសឹងតែជាបុគ្គលដែលស្រឡាញ់និងបារម្ភពីអ្នក។
ដូច្នេះ រាល់ពេលដែលអ្នកមានអារម្មណ៍ថាបាក់ទឹកចិិត្ត អ្នកអាចរកមិត្តយល់ចិត្តម្នាក់ជជែក ហើយបញ្ចេញឱ្យអស់នូវអារម្មណ៍ឈឺចាប់របស់អ្នកទាំងប៉ុន្មាន ទោះបីម្នាក់នោះមិនអាចជួយអ្វីអ្នកបាន យ៉ាងហោចគេក៏បានទទួលដឹងឮការឈឺចាប់របស់អ្នកដែរ។
ឬប្រសិនបើអ្នកមិនចង់បើកកកាយរឿងផ្ទាល់ខ្លួនឱ្យនរណាដឹង អ្នកក៏អាចរកមិត្តដ៏ល្អដែលអាចឱ្យអ្នកជឿជាក់បានថាគេនឹងស្មោះស្មគ្រនឹងអ្នក នោះគឺសៀវភៅ។ អ្នកអាចទាញកូនសៀវភៅមួយក្បាលមកសរសេរវាចុះ ហើយកត់ត្រានូវរឿងក្នុងចិត្តទាំងប៉ុន្មានចេញមក នោះអ្នកនឹងបានធូរស្បើយមួយកម្រិត។
ជីវិតគឺដូច្នេះឯង រមែងធ្វើតេស្តយើងគ្រប់ពេលដែលផ្លូវចិត្តយើងទន់ខ្សោយ។ នៅពេលនោះ បើយើងរកវិធីដោះស្រាយវាបាន ការធ្វើតេស្តលើកនេះនឹងក្លាយជាមេរៀនដ៏ល្អក្នុងជីវិតរបស់យើងដើម្បីកុំឱ្យយើងអនុវត្តជាន់ដានចាស់នៅថ្ងៃក្រោយ។ មិនតែប៉ុណ្ណោះ យើងនឹងកាន់តែរឹងមាំឡើង។ នោះថ្ងៃក្រោយមិនថាឧបស្គធំតូចប៉ុណ្ណា យើងក៏នឹងអាចយកជ័យជំនះលើវាបានយ៉ាងស្រួល។

